អូនមនុស្សចុងក្រោយ
បទពាក្យ១០
យប់យន់ដ៏ត្រជាក់ខ្យល់ធ្លាក់សែនរងារ
គយគន់ដួងចន្ទ្រានារាត្រីស្ងៀមស្ងប់
រួមទាំងក្លិនបុប្បាក្រអូបឈ្ងុយឆួលកប់
ទ្រូងបងញ័រចំប្រប់បង្ហូរទឹកនេត្រា។
ព្រោះរឿងក្តីស្នេហ៍ស្នងនួនល្អងចោទប្រកាន់
ច្រណែនថែមប្រច័ណ្ឌហួងហែងចិត្តស្នេហា
រំលឹងរឿងកន្លងមុនស្នេហ៍កនិដ្ឋា
ឱ្យរោលរាលឈឺផ្សាដក់ត្រាំក្នុងដួងចិត្ត។
មុនទាន់បានក្រាបផ្ទឹមអូនយល់ព្រមអភ័យ
លើកលែងអធ្រាស្រ័យឱ្យប្រុសស្រស់វមិត្រ
ថាមិនរំលឹករឿងចាស់បងធ្លាប់បានប្រព្រឹត្ត
ឥឡូវផ្ទុយការពិតអូនកកាយអស់ហើយ។
ទោះបងព្រាននារីក៏មានចិត្តស្មោះដែរ
ម្ដេចពៅស្រស់មាសស្នេហ៍ស្រីប្រែប្រួលអស់ហើយ
មិនយោគយល់ដល់បងដែលស្មោះលើត្រានត្រើយ
មិនសាកសមសោះឡើយអូនមករៀបការនឹងបង។
បងសែនឈឺចុកចាប់ព្រោះបងស្តាយកំហុស
រឿងបងបានធ្វើខុសឱ្យអារម្មណ៍អូនឆ្គង
តែបងកែប្រែហើយដើម្បីកែវស្នហ៍ស្នង
នាមជាប្រពន្ធបងបងផ្តល់តំលៃឱ្យ។
ទោះជាអូនមិនមែនជាមនុស្សតំបូង
តែនៅក្នុងបេះដូងបងទុកអូនចុងក្រោយ
កាលនៅពីមុនបងធ្លាប់ជាព្រានក៏ដោយ
ឥឡូវនេះសុំឱ្យអូនជឿចិត្តបងម្តង។
អូនមនុស្សចុងក្រោយដែលបងចង់ថ្នាក់ថ្នម
ចង់លួងលោមបីបមផ្តេកផ្តិតលើទ្រូងបង
មិនឱ្យអូនឃ្លាតស្និទ្ធដូចសេកនឹងបង្គង
បងស្ម័គ្រស្រស់ស្នេហ៍ស្នហ៍ស្មោះមិនដូចជាផ្សែង
មានតែស្រស់ស្រីមួយនៅក្នុងដួងចិត្តរៀមរា
មានតែស្រស់ជីវ៉ាដែលជាម្ចាស់ដំណែង
គ្មាននរណាម្នាក់មួយអាចជំនួសកន្លែង
សូមអូនកុំចំបែងណាម្ចាស់ចិត្តមាសបង។
បើសិនបងត្រូវស្លាប់ស្លាប់នៅក្បែរទ្រូងអូន
ទោះជីវិតសោះសូន្យនៅស្មោះតែនួនល្អង
មិនរៀចវេងាករេក្បត់ចិត្តស្នេហ៍ទងវង
ឈប់ហើយពៅស្នេហ៍ស្នងបងឈប់រាងរហូត។
តែងដោយ ជាឥន្ទ្រ